មិនធម្មតា! សហរដ្ឋអាមេរិកជ្រើសរើសយុវជនកម្ពុជា ទៅសិក្សាផ្នែកយោធាកំពូលៗជំនាន់ថ្មី
បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាកាលពីព្រឹកមិញនេះ បានឱ្យដឹងថា ការិយាល័យសហប្រតិបត្តិការយោធារបស់ស្ថានទូតអាមេរិក បានប្រកាសឱ្យយុវជនកម្ពុជាចូលរួមប្រឡង ដើម្បីបានទៅសិក្សានៅក្នុងបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក។ ក្នុងនោះរួមមាន៖ បណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point បណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅ Annapolis បណ្ឌិតសភាកងទ័ពជើងអាកាសសហរដ្ឋអាមេរិកនៅ Colorado Springs និងបណ្ឌិតសភាឆ្មាំការពារដែនសមុទ្រសហរដ្ឋអាមេរិកនៅ New London សម្រាប់ជំនាន់ឆ្នាំ ២០២២ ចំពោះសិស្សដែលចូលបណ្ឌិតសភា នៅខែកក្កដា ឆ្នាំ២០១៨។
តាមប្រភពដដែលបានឱ្យដឹងទៀតថា សិស្សនឹងទទួលបានសញ្ញាបត្របរិញ្ញាផ្នែកវិទ្យាសាស្ត្រ ដោយឆ្លងតាមកម្មវិធីសិក្សាដ៏តឹងរ៉ឹង ផ្នែកសតិបញ្ញា យោធា និងកាយសម្បទា នៅក្នុងបរិយាកាសដែលជំរុញដល់ការបណ្ដុះអត្តចរិត។
បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- នៅលីវ និងមានអាយុយ៉ាងតិច ១៧ ឆ្នាំ តែមិនលើសពី ២៣ ឆ្នាំ គិតមកដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៨ មានពិន្ទុល្អក្នុងការធ្វើតេស្ត SAT ឬតេស្ត ACT។
- ជាប់តេស្តផ្នែកភាសាអង់គ្លេស TOEFL ឬមួយតេស្ត ECL អាស្រ័យលើបណ្ឌិតសភា។
- មានពិន្ទុល្អនៅក្នុងការប្រឡង ដើម្បីវាយតម្លៃកាយសម្បទា (CFA) ដែលរៀបចំដោយស្ថានទូតអាមេរិក និងការធ្វើតេស្តផ្នែកកាយសម្បទាចាំបាច់ដទៃទៀត។
- មានសំបុត្រពេទ្យបញ្ជាក់ថា គ្មានជំងឺឆ្លង និងគ្មានបញ្ហាសុខភាពធ្ងន់ធ្ងរ។
- ឆ្លើយបានល្អនៅក្នុងការសម្ភាសន៍ម្នាក់ៗ ជាមួយស្ថានទូតអាមេរិក នៅភ្នំពេញ។
ដូច្នេះ បេក្ខជនទាំងអស់ដែលមានការចាប់អារម្មណ៍ត្រូវផ្ញើពិន្ទុនៅថ្នាក់វិទ្យាល័យ ពិន្ទុ SAT ពិន្ទុ TOEFL និងលទ្ធផលនៃការធ្វើតេស្តកាយសម្បទាទៅ ODCCambodia@state.gov ត្រឹមថ្ងៃទី ១ ខែវិច្ឆិកា។ ស្ថានទូតអាមេរិកនឹងធ្វើការចម្រាញ់លើពិន្ទុរបស់បេក្ខជន ដើម្បីកំណត់ថា តើអាចប្រកួតប្រជែងជាមួយនឹងបេក្ខជនអន្តរជាតិដទៃទៀតបានដែរឬទេ? ស្ថានទូតអាមេរិក និងក្រសួងការពារជាតិកម្ពុជានឹងសម្រេចចុងក្រោយលើការកំណត់យកឈ្មោះបេក្ខជន៕
ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័ររបស់ស្ថានទូតអាមេរិក៖ https://kh.usembassy.gov/service-academies/
No comments:
Post a Comment